Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ​ហៅ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត​ថា​មាន​ការ​រើសអើង

Image may be NSFW.
Clik here to view.

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ យល់​ថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​របស់​ខ្លួន​អាច​ធ្វើ​ពិធី​ជួបជុំ និង​ឃោសនា​បោះឆ្នោត​នៅ​សួន​ច្បារ​សាធារណៈ​ក្នុង​ក្រុង គឺ​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​មិន​បាន​ស្មើ​ភាព​គ្នា និង​រើសអើង​គណបក្ស​នយោបាយ។ ពួកគេ​បញ្ជាក់​ថា ទីតាំង​តែមួយ​នោះ គណបក្ស​កាន់​អំណាច​ធ្វើ​ពិធី​ជួបជុំ​ឃោសនា​កាល​ពី​ថ្ងៃ​ឃោសនា​​ថ្ងៃ​ទី​១ បាន ប៉ុន្តែ​បែរ​ជា​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធ្វើ​ទៅ​វិញ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ថា នឹង​យក​ទីតាំង​សួនច្បារ​កំពង់ក្របៅ សង្កាត់​កំពង់ក្របៅ ក្រុង​ស្ទឹងសែន ធ្វើ​ពិធី​ជួបជុំ និង​ឃោសនា​បោះឆ្នោត​ដដែល បើ​ទោះ​បី​ជា​ទីតាំង​នេះ​អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ក្ដី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា ការ​ប្រកាន់​ជំហរ​បែប​នេះ គឺ​ធ្វើ​ឡើង​ស្របតាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា​ប៉ុណ្ណោះ។ លោក​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត រើសអើង​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​ទីតាំង​តែមួយ គណបក្ស​កាន់​អំណាច​អាច​ធ្វើ​ពិធី​ជួបជុំ​ឃោសនា​បាន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ប៉ុន្តែ​គណបក្ស​ប្រឆាំង​បែរ​ជា​អាជ្ញាធរ​ជំទាស់ ក្រោម​ហេតុផល​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។

ហេតុផល​ទាំង​នេះ លោក ស៊ុន ចន្ធី យល់​ថា ជា​ការ​បង្ហាញ​ពី​កម្សោយ​របស់​អាជ្ញាធរ​ក្នុង​ការ​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ជា​អនុវត្ត​ច្បាប់​មិន​បាន​ស្មើ​ភាព​គ្នា៖ «ដូច្នេះ​ការ​ដែល​អាជ្ញាធរ​បដិសេធ​ដំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ហើយ​ជា​គោលការណ៍​មួយ​ដែល​អាជ្ញាធរ​ខេត្ត​មិន​បាន​អនុវត្ត​ទៅ​នឹង​គោលការណ៍​ស្មើភាព​គ្នា»

កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា អភិបាល​រង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន បាន​ចេញ​លិខិត​មួយ​ឆ្លើយ​តប​នឹង​សំណើ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​អនុញ្ញាត​ឱ្យ​យក​ទីតាំង​ទី​សួនច្បារ​កំពង់ក្របៅ ដើម្បី​ជួបជុំ​ឃោសនា​បោះឆ្នោត​ឡើយ ក្រោម​ហេតុផល​ថា ទីតាំង​នោះ​តូច​ចង្អៀត មិន​មាន​ផ្លូវ​សម្រាប់​បញ្ចៀស​ចរាចរណ៍ ហើយ​នៅ​កៀក​នឹង​គល់​ស្ពាន​ស្ទឹងសែន ងាយ​នឹង​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

យ៉ាង​នេះ​ក្តី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បាន​ចេញ​លិខិត​មួយ​ទៀត​មិន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​ទីតាំង​ជួបជុំ​នៅ​សួនច្បារ​កំពង់ក្របៅ ដដែល។ លិខិត​នេះ ដើម្បី​ឆ្លើយ​តប​នឹង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​យក​ទីតាំង​នោះ​ជួបជុំ​ឃោសនាការ​បោះ​ឆ្នោត​របស់​ខ្លួន។ ក្នុង​លិខិត​នោះ​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ពិធី​ជួប​ប្រជុំ​នៅ​សួន​ច្បារ​កំពង់ក្របៅ នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​ទេ។ តាម​ពិត​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់​កំពង់ក្របៅ បាន​អនុញ្ញាត​តាម​ប្រតិទិន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​សុំ​ក្នុង​ថ្ងៃ​ឃោសនា​ដំបូង ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ក្នុង​សង្កាត់​របស់​ខ្លួន​ប៉ុណ្ណោះ។ ចំណែក​ការ​ស្នើ​សុំ​រៀបចំ​ពិធី​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អធិបតីភាព​ប្រធាន​គណបក្ស​លោក កឹម សុខា គឺ​ធ្វើ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ និង​មាន​សមាជិក​ច្រើន​មក​ពី​តាម​បណ្ដា​ក្រុង និង​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ លើ​ផ្លូវ​តូច​ចង្អៀត គ្មាន​កន្លែង​បញ្ចៀស​ចរាចរណ៍ ហើយ​ជា​កន្លែង​កៀក​គល់​ស្ពាន ងាយ​នឹង​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ។

មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ឃើញ​ថា ហេតុផល​របស់​អាជ្ញាធរ​ខេត្ត គឺ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​គោលការណ៍​ស្មើភាព​គ្នា​ក្នុង​ករណី​ទីតាំង​តែមួយ​ ប្រសិនបើ​គណបក្ស​មួយ​អាច​រៀបចំ​បាន គណបក្ស​មួយទៀត​ក៏​អាច​រៀបចំ​នៅ​ទីតាំង​នោះ​បាន​ដែរ៖ «អ៊ីចឹង​គួរ​ពិចារណា​ឡើង​វិញ​ទៅ ហើយ​យើង​ធ្វើការ​សម្របសម្រួល​គ្នា​ទៅ​ដើម្បី​ជៀសវាង​បញ្ហា​ណា​មួយ​កើតឡើង​នេះ​គឺ​ជា​ការ​ប្រសើរ​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​ដដែល​បញ្ជាក់​ថា ប្រសិនបើ​នៅ​ថ្ងៃ​គណបក្ស​ប្រឆាំង​រៀបចំ​វេទិកា​ឃោសនា​ការ​បោះ​ឆ្នោត​របស់​ខ្លួន​នៅ​លើ​ទីតាំង​ដែល​បាន​ស្នើ​សុំ ហើយ​មាន​សកម្មភាព​រារាំង​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ គឺ​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ការ​រើសអើង​គណបក្ស​នយោបាយ​តែម្ដង។

អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ចេញ​លិខិត​បដិសេធ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៣ លើក​រួច​មក​ហើយ។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​ទីតាំង​ពីរ​កន្លែង​នៅ​ទី​រួម​ខេត្ត​កំពង់ធំ និង​មួយ​កន្លែង​ទៀត​នៅ​មុខ​ផ្សារ​កំពង់ថ្ម ស្រុក​បារាយណ៍ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​ទាំង​អស់ ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។ អាជ្ញាធរ​តម្រូវ​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​រៀបចំ​ពិធី​នៅ​ទីតាំង​ផ្សេង ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ជា​ទីតាំង​មិន​ល្អ ឬ​មិន​សូវ​មាន​ចាប់​ការ​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles