Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ Vital Voices អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី

$
0
0

អង្គការ Vital Voices ដែល​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​មេដឹកនាំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក អំពាវនាវ​ឲ្យ​ស្ថាប័ន អង្គការ និង​រដ្ឋាភិបាល​នានា នៅ​ទូទាំង​ពិភពលោក ចូលរួម​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី ដែល​ជា​ម្ចាស់​ពាន​រង្វាន់ "ភាព​ជា​អ្នកដឹកនាំ​សាកល​ឆ្នាំ​២០១៣"។ អង្គការ​នេះ ក៏​ស្នើ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​អ្នកស្រី។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ ក្រោម​បទ​ចោទ​ប្រើ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ។

សេចក្ដី​ថ្លែងការណ៍​អង្គការ Vital Voices ចេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា សង្កត់​ធ្ងន់​ថា "ការ​កាត់​ទោស​អ្នកស្រី ទេព វន្នី នៅ​ពេល​ថ្មីៗ​នេះ បង្ហាញ​ឲ្យ​ឃើញ​អំពី​លទ្ធភាព​មិន​អាច​បំពេញ​ការងារ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សេរីភាព​នៃ​ការ​និយាយ​ស្តី និង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ប្រកប​ដោយ​សន្តិវិធី"

សេចក្ដី​ថ្លែងការណ៍​បន្ត​ទៀត​ថា "អង្គការ Vital Voices បំពេញ​ការងារ​ជាមួយ​ស្ត្រី​រាប់​ពាន់​នាក់​នៅ​ទូទាំង​សាកលលោក ដូចជា​អ្នកស្រី ទេព វន្នី ជាដើម ដែល​ហ៊ាន​ប្រឈម​នឹង​ការ​ប្រថុយប្រថាន​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ក្នុង​ការ​ការពារ​ជីវិត​របស់​អ្នក​ដទៃ និង​ហ៊ាន​រិះគន់​ជា​សាធារណៈ​ប្រឆាំង​អំពើ​អយុត្តិធម៌​គ្រប់​រូបភាព ពី​គ្រប់​ទិសទី​នៅ​ក្នុង​ពិភពលោក"

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អង្គការ Vital Voices ប្រគល់​ពាន​រង្វាន់​ភាព​ជា​អ្នក​ដឹក​នាំ​សាកល​ឆ្នាំ​២០១៣ និង​ផ្ដល់​កិត្តិយស​ឲ្យ​ធ្វើ​ជា​សមាជិក​បណ្ដាញ​ភាព​ជា​អ្នកដឹកនាំ​សាកល​របស់​អង្គការ​នេះ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles